សមរភូមិដ៏ក្ដៅគគុករវាង អគ្គស្នងការដ្ឋាននគរបាលជាតិ ទល់នឹង បៀលប្រាយយូណាយធីត ដើម្បីដណ្ដើមតំណែងជើងឯកពានរង្វាន់ Hun Sen Cup 2014 ចាប់ផ្ដើមពីម៉ោង១៧:៣០នាទី ថ្ងៃសៅរ៍ ស្អែកនេះហើយ នៅលើវាលស្មៅពហុកីឡដ្ឋានជាតិ ខណៈស្ថានីយទូរទស្សន៍ BTV News រ៉ាប់រងការផ្សាយផ្ទាល់ប្រកួតដ៏ធំនេះ។
ក្រុមទាំងពីរខាងលើ សុទ្ធតែមិនដែលស្គាល់រសជាតិពានរង្វាន់មួយនេះដូចគ្នា តែ បៀលប្រាយ រាងមានតែមជាងបន្តិចព្រោះធ្លាប់ក្លាយជាជើងឯករងមួយលើកនាឆ្នាំ២០១១ ដែលកាលនោះរងបរាជ័យក្រោមថ្វីជើង ស្វាយរៀង (ព្រះខ័នរាជ) ដោយលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ។ ម្យ៉ាងវិញទៀត ជំនួបនេះជាការសាកល្បងសមត្ថភាពរវាងគ្រូ (លាស់ សាឡាក់ខាន់) និងអតីតសិស្ស (អ៊ុង កនយ៉ានិត) ផងដែរ។
លោក លាស់ សាឡាក់ខាន់ គ្រូបង្វឹក បៀលប្រាយយូណាយធីត
បៀលប្រាយយូណាយធីត
ហេង សុខលី, ពេជ្រ ស៊ីណា នឹងនៅតែជាផ្លែអាវុធដ៏ស្រួចរបស់គ្រូបង្វឹក សាឡាក់ខាន់ ខណៈប្រធានក្រុម ព្រំ ពុទ្ធសិទ្ធី ដែលរកបានគ្រាប់ជ័យជម្នះកាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហួរ ឡាវី, ផ្លុង ចន្ធូ និង ចាន់ ឆាយ៉ា ពិតជាមិនអាចខ្វះបាននៅតំបន់បម្រើ។
ហេង សុខលី, ពេជ្រ ស៊ីណា នឹងនៅតែជាផ្លែអាវុធដ៏ស្រួចរបស់គ្រូបង្វឹក សាឡាក់ខាន់ ខណៈប្រធានក្រុម ព្រំ ពុទ្ធសិទ្ធី ដែលរកបានគ្រាប់ជ័យជម្នះកាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហួរ ឡាវី, ផ្លុង ចន្ធូ និង ចាន់ ឆាយ៉ា ពិតជាមិនអាចខ្វះបាននៅតំបន់បម្រើ។
ខ្សែការពារ ភិន ភារ៉ា, ថៃ ផល្លា, នួន ផានិត, និង រ៉ឹង ប៊ុនហៀង ទំនងនៅតែជាកំផែងរឹងមាំសម្រាប់ បៀលប្រាយ ស្របពេលអ្នកចាំទី សុះ ប្រុសហ៊ីម ដែលមានភាគរយច្រើនក្នុងការទទួលតំណែងអ្នកចាំទីល្អប្រចាំ ព្រឹត្តិការណ៍ នឹងនៅតែជាជម្រើសដំបូងរបស់លោក សាឡាក់ខាន់។
កន្លងមកគេសង្កេតឃើញថា ឲ្យតែរកបានគ្រាប់នាំមុខហើយនោះ កីឡាករបៀលប្រាយស្ទើរតែមួយក្រុម នឹងប្ដូរយុទ្ធសាស្ត្រពីប្រយុទ្ធទៅការពារវិញ ហើយក្បួននេះឯងដែលនាំឲ្យក្រុមសាកលវិទ្យាល័យមួយនេះ បំបាក់ ភ្នំពេញក្រោន និង បឹងកេត ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។
លោក អ៊ុង កនយ៉ានិត គ្រូបង្វឹក អគ្គស្នងការដ្ឋាននគរបាលជាតិ
អគ្គស្នងការដ្ឋាននគរបាលជាតិ
កងកម្លាំងជួរមុខរបស់ក្រុមលោក អ៊ុង កនយ៉ានិត គ្រប់គ្រាន់សម្រាប់ទម្លុះសំណាញ់ទី បៀលប្រាយ។ ខ្សែប្រយុទ្ធ នួន បូរី និង ស្រី ឧត្ដម នឹងសហការគ្នាជាមួយខ្សែបម្រើកំពុងលេចធ្លោ អុល រ៉ាវី, ទិត្យ ឌីណា, លន់ ចំរើន និង ឈិន ម៉េងស៊ាង ដើម្បីរកគ្រាប់ជ័យជម្នះ។
ចំណែកប្រធានក្រុម សាយ ពិសិដ្ឋ, សាន់ ធីដេត, អៀង ទីន និង ស៊ុប រ៉ាវី នឹងក្លាយជារបាំងសំខាន់ការពារគ្រាប់កាំភ្លើងធំរបស់ បៀលប្រាយ។ ក្រុមប៉ូលិស អាចនឹងពិបាកបន្តិចត្រង់អ្នកចាំទី ដោយសារថាកីឡាករវ័យក្មេង ប្រាក់ ភារុណ មិនទាន់មានបទពិសោធន៍ជោកជាំនៅឡើយ។
ទោះជាយ៉ាងណា ប្រធានក្រុម សាយ ពិសិដ្ឋ ធ្លាប់បង្ហើបប្រាប់ Sabay ថា ក្រុមខ្លួនមានសង្ឃឹមច្រើន ក្នុងការបង្កើតប្រវត្តិសាស្ត្រលើកពានរង្វាន់ Hun Sen Cup ជាលើកដំបូង។
ក្រុមប៉ូលិសបានឲ្យដឹងថា ក្រុមរបស់ខ្លួនមិនបណ្តោយឲ្យក្លាយជាក្រុមរងគ្រោះដូចភ្នំពេញក្រោន និងបឹងកេតឡើយ ប៉ុន្តែខាងបៀលប្រាយថា សង្ឃឹមលើកពានរហូតដល់៩០ភាគរយ។ ដូច្នេះច្បាស់ណាស់ថា ក្រុមទាំងពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងឡើយ៕
ប្រភព: sabay.com.kh
0 comments:
Post a Comment