Saturday, March 15, 2014

ឃីម ឌីម៉ា ​​​​​​​​វិប្បដិសារី ​រឿង​ចាញ់​នៅ​ ​MMA​

 នៅ ​ទី​បំផុត ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​របស់​កីឡាករ​កម្ពុជា ​ឃីម ឌីម៉ា ​នៅ​លើ​ទឹក​ដី​​ប្រទេស​ម៉ាឡេស៊ី ក្នុង​ទីក្រុង​កូឡាឡាំពួ បាន​ត្រឹម​តែ​​ស៊ូ​ដល់​ទឹក​ចុង​ក្រោយ​ប៉ុណ្ណោះ​ លើ​រេញ​MMA ។ ​ចំពោះ​លទ្ធផល គឺ​គេ​បាន​បរាជ័យ ដោយ​​ការ​ខក​ចិត្ត​បំផុត ​ក្រោម​ដៃ​របស់​កីឡាករ​ដែល​គេ​ធ្លាប់​ឈ្នះ​រួច​ម្ដង នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​​​
លទ្ធផល​ដែល​ ​ឃីម ឌីម៉ា ​ប្រឹង​គេច​បំផុត ប៉ុន្តែ​គេច​មិន​រួច​នេះ ​ គឺ​ជា​ការ​កាត់​ក្ដី​ដ៏​សំខាន់ ដើម្បី​កំណត់​ថា ​តើ​ត្រូវ​​ដាក់​គេ​​បញ្ចូល ក្នុង​បញ្ជី​ខ្មៅ ដើម្បី​ឲ្យ​ឈប់​ឡើង​រេញ​MMA ​ទៀត ដែរ​ឬ​ទេ? ទោះ​យ៉ាង​ណា ក្នុង​ចំណោម​​កីឡាករ​វាយ​ដាក់​ទ្រង់​របស់​កម្ពុជា​ទាំង​អស់ ​ឃើញ​តែ​ ឃីម ឌីម៉ា ម្នាក់​ប៉ុណ្ណោះ ដែល​មាន​ឱកាស​តតាំង​ជា​មួយ​កីឡាករ​បរទេស​​បាន​ល្អ​មើល បើ​ទោះ​ជា​គេ​​មិន​ធ្លាប់​ឈ្នះ​ផ្លូវ​ការ​ទាល់​តែ​សោះ ​​ចំនួន​៣​លើក​កន្លង​មក​​។ ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​ទី​១៤ មីនា ដែល​ទើប​​នឹង​បញ្ចប់​​នេះ​ ​គេ​ឃើញ​គ្រប់​គ្នា​ថា ការ​ប្រកួត និង​ក្បាច់​ឃ្លេរបស់​កីឡាករ​ឃីម ឌីម៉ា ​មាន​ការ​រីក​ចម្រើន​ជាង​មុន​។ ​ប៉ុន្តែ​គួរ​ឲ្យស្ដាយ​​ជ័យ​ជម្នះ ដែល​គេ​ប្រថ្នា​ចង់​បាន​បំផុត គឺ​មិន​អាច​ទៅ​រួច បើ​ទោះ​ជា​​កីឡាករ​ម្ចាស់​ផ្ទះ Sainful American ​ធ្លាប់​បាន​ចាញ់​គេ​ម្ដង កាល​ពី​ប្រកួត​ប្រដាល់​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ក៏​ដោយ​។ ក្រុម​អ្នក​តាម​ដាន សុទ្ធ​តែ​ឃើញ​ដូច​គ្នា​ថា ​ការ​ប្រកួត​ដែល​ប្រើ​កម្លាំង​ឃ្លេ និង​​បោក​ចំបាប់​បែប​នេះ ​គឺ​ជា​ជំនាញ​របស់​បរទេស ដែល​មិន​ខុស​ពី​ការ​ប្រកួត​​ផ្នែក​ប្រដាល់​ក្បាច់​គុនខ្មែរ ដែល​ជា​ជំនាញ​របស់​ខ្មែរ​នោះ​។ អ៊ីចឹង​ហើយ ទើប​ការ​បរាជ័យ​របស់​កីឡាករ ឃីម ឌីម៉ា ត្រូវ​គេ​គិត​​ថា នោះ​មិន​មែន​ជា​​ចេតនា​របស់​​​គេ ដោយ​សារ​គេ​ដឹង​តាំង​​តែ​​ពី​ដំបូង​ថា រវាង​កីឡា​ករ​បរទេស និង​កម្ពុជា គឺ​កម្ពុជា​​​ពិត​ជា​​ទៅ​​មិន​រួច​ឡើយ សម្រាប់​ការ​ប្រកួត​បោក​​ចំបាប់ ​ប្រភេទ​វាយ​​ដាក់​ទ្រុង​បែប​នេះ ព្រោះ​តែ​កីឡាករ​កម្ពុជា ​​ភាគ​ច្រើន​ចាញ់​កម្លាំង ព្រោះ​ខ្វះ​ហូប​ចុក​ដិត​ដល់ និង​ខ្វះ​កា​របំប៉ន​ពេញ​លេញ​។
ងាក​មក​កាន់​ការ​ប្រកួត​​នៅ​លើ​រេញ​MMA ដែល​បាន​ធ្វើ​ឡើង​ជា​មួយ​កីឡាករ Sainful Americanនោះ​វិញ ​​ភាគី​ខាង​ម៉ាឡេ​ស៊ី ​បើ​ទោះ​ឈ្នះ​ដោយ​ពិន្ទុ ​ក៏លទ្ធផល​នោះ ​ ឈ្នះ​​មិន​ដាច់​ដែរ បើ​ទោះ​ជា​ពូកែ​ឃ្លេ និង​មាន​កម្លាំង​សង្កត់​​ល្អ​ជាង​ឃីម ឌីម៉ា​។ ​សម្រាប់​បច្ចេកទេស ​គឺ​ស៊ី​មិន​ដាច់​ជា​មួយ​​កីឡាករ​កម្ពុជាឡើយ  ដែល​មាន​ន័យ​ថា កីឡាករ​ឃីម ឌីម៉ា ​ល្អ​ជាង​មុន ប៉ុន្តែ​នៅ​​មិន​ទាន់​កីឡាករ​បរទេស​។ ​ឃីម ឌីម៉ា ​បាន​សម្ដែង​អារម្មណ៍​សោក​ស្ដាយ​ភ្លាម​ៗ បន្ទាប់​ពី​បរាជ័យ ​ដែល​គេ​គិត​ថា ​កំពុង​ធ្វើ​ឲ្យ​គេ​បាក់​មុខ ហើយ​បាក់​មុខ ក្នុង​កម្រិត​ធ្ងន់​។ ​នៅ​លើ​ហ្វេសប៊ុក ​គេ​​បាន​បង្ហោះ​ពាក្យ​សុំ​ទោស និង​សោក​ស្ដាយ​ជា​ច្រើន បន្ទាប់​ពី​ដឹង​ថា ​ការ​ប្រកួត​នៅ​លើ​រេញ​ ​MMA លើក​ទី​៣ ​គេ​នៅ​ចាញ់​ បើ​ទោះ​ជា​ប្រឹង​ឡើង​អស់​ពី​សមត្ថភាព​។​តែនៅក្នុងទឹកទីបី កីឡាករ​ម្ចាស់​ផ្ទះ Sainful American បានបែកត្រង់ថ្ងាស និងចេញឈាមជាច្រើន ធ្វើឲ្យអាជ្ញាកណ្តាល បញ្ឈប់ការប្រកួតមួយភ្លែត។ ការ​បរាជ័យ​​លើក​នេះ​ ​កំពុង​ធ្វើ​ឲ្យ​ឃីម ឌីម៉ា ​ប្រឈម​នឹង​​បញ្ជី​ខ្មៅ បើ​ទោះ​ជា​ការ​ប្រកួត​ទាំង​មូល អាច​នឹង​ផ្ដល់​ឱកាស​ឲ្យ​គេ​​បាន​ម្ដង​ទៀត ​ព្រោះ​កំហុស​រឿង​វាយ​ខុស​បច្ចេកទេស​កាល​ពី​លើក​ទី​១ ត្រូវ​គេ​ធីប​ចោល​។ ឃីម ឌីម៉ា ហាក់​មិន​មាន​កម្លាំង​ចិត្ត​ទៀត​ឡើយ បន្ទាប់​ពី​ការ​ប្រឹង​ប្រែង​ដែល​គេ​ស្ទុះ​ស្ទារ បាន​ត្រឹម​តែ​កំដរ​កីឡាករ​​ដែល​គេ​ធ្លាប់​បំបាក់​នៅ​ស្រុក​ខ្មែរ​ម្ដង ត្រឹម​​ចប់​ទឹក​ទី​៣។អាជ្ញាកណ្តាល ចំនួន១រូប បានផ្តល់ពិន្ទុឲ្យលោក ឃីម ឌីម៉ា ឈ្នះ តែ​២រូប បានផ្តល់ពិន្ទុឲ្យលោកចាញ់។
អវត្តមាន​របស់​ឃីម ឌីម៉ា ​នៅ​លើ​សង្វៀន​ កម្ពុជានឹង​ពិបាក​ស្វែង​រក​អ្នក​ឡើង​រេញ​ជំនួស ដោយ​សារ​តែ​ក្នុង​ចំណោម​កីឡាករ​ខ្លាំង​ៗ​នៅ​កម្ពុជា គឺ​ពូកែ​ក្នុង​ប្រភេទ​កីឡាករ​ប្រដាល់​ក្បាច់​គុន​បុរាណខ្មែរ​ ឬ​កា​រប្រកួត​វាយ​ដាក់​ទ្រុង​​ជា​មួយ​គ្នា​ឯង​ប៉ុណ្ណោះ ប៉ុន្តែ​​ជា​មួយ​បរទេស​ទៅ​មិន​រួច​ឡើយ ដោយ​សារ​តែ​ចាញ់​ប្រៀប​គេ ទាំង​កម្លាំង ទាំង​បច្ចេកទេស និង​កម្ពស់​។ មន្ត្រី​​បញ្ជូន កីឡាករ ​ឃីម ឌីម៉ា ទៅ​​កាន់​ការ​ប្រកួត ​ថ្លែង​ថា ឃីម ឌីម៉ា ធ្វើ​បាន​ល្អ​អស់​ប៉ុណ្ណឹង​ហើយ ​ប៉ុន្តែ​គឺ​​មក​កម្លាំង និង​ស្នៀត​ជាក់​ស្ដែង គេ​ល្អ​ជា​ឆ្ងាយ ទើប​ពិន្ទុ​​សរុប​ធ្លាក់​ទៅ​លើ​កីឡាករ​ម៉ាឡេស៊ី។ ​

ឃីម ឌីម៉ា ​នៅ​មិន​ទាន់​ប្រាកដ​ថា ​បាន​ទទួល​ឱកាស​ឡើង​រេញ​អន្តរជាតិ​មួយ​នេះ​ជា​ថ្មី​ម្ដង​ទៀត គម្រប់​៤​លើក​ឬ​យ៉ាង​ណា​ ប៉ុន្តែ​ផ្អែក​តាម​ស្ថានភាព​ដែល​គេ​ធ្វើ​បាន​ល្អ ​ដោយ​​​​អាច​ទប់​កីឡាករ​Sainful Americ ​ឲ្យ​ឈ្នះ​ដោយ​លំបាក គេ​ពិត​ជា​មាន​អាទិភាព​​​ជា​ថ្មី ​ពិសេស​ក្នុង​កាលៈ​ទេសៈ​ដែល​កម្ពុជា ហាក់​មិន​សូវ​សំបូរ​ធន​ធាន​កីឡាករ​ល្អ ដើម្បី​ទៅ​ត​តាំង​ជា​មួយ​ភាគី​បរទេស​បាន​បែប​នេះ​៕

0 comments:

Post a Comment